សេចក្តីប្រកាសព័ត៌មានលេខ ០០២ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំជាមួយគណបក្សនយោបាយ ស្ដីពីការរៀបចំកម្មវិធីស្មើភាព សម្រាប់ផ្សាយតាមវិទ្យុ-ទូរទស្សន៍ជាតិ និងព្រឹត្តិបត្រ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ គណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” ដឹកនាំដោយឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានគណៈកម្មការសម្របសម្រួល បានជួបប្រជុំជាមួយតំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ទាំង ៤ គណបក្ស ដើម្បីផ្សព្វផ្សាយជូនដល់គណបក្សនយោបាយអំពីគោលការណ៍រៀបចំ កម្មវិធីស្មើភាព សម្រាប់ផ្សព្វផ្សាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

កម្មវិធីស្មើភាព ត្រូវចែកចេញជា ៣ ផ្នែក៖ ទី១. កម្មវិធីកិច្ចពិភាក្សាតុមូល ដែលគ្រប់គណបក្សនយោបាយ ត្រូវធ្វើការបង្ហាញនូវគោលនយោបាយរបស់ខ្លួនតាមប្រធានបទដែលគណៈកម្មការសម្របសម្រួល បានដាក់ជូន  ហើយកម្មវិធីនេះត្រូវថតទុកជាមុន និងត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ទី២. ស្ប៉តឃោសនារបស់គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។ ទី៣. ការបោះពុម្ពផ្សាយអត្ថបទឃោសនារបស់គណបក្សនយោបាយលើព្រឹត្តិបត្រគោលនយោបាយគណបក្ស ដែលបោះពុម្ពផ្សាយដោយ គ.ជ.ប ចំនួន ២ លេខ។

ឯកឧត្ដម ម៉ុក ដារ៉ា បានមានប្រសាសន៍ថា គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនទៅដល់សាធារណជន និងអ្នកបោះឆ្នោត តាមរយៈកម្មវិធីស្មើភាព ដែលរៀបចំដោយ គ.ជ.ប ។

គណៈកម្មការសម្របសម្រួល ដែលជាគណៈកម្មការបង្កើតឡើងដោយ គ.ជ.ប បានរៀបចំកិច្ចប្រជុំនេះនៅទីស្ដីការ គ.ជ.ប ដោយមានការអញ្ជើញចូលរួមពីតំណាងគណបក្សប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ព្រមទាំងសមាជិកគណៈកម្មការសម្របសម្រួល។ កិច្ចប្រជុំនៅថ្ងៃនេះ ក៏បានរៀបចំការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងមុនក្រោយនៃការចុះផ្សាយ និងចាក់ផ្សាយកម្មវិធីនយោបាយរបស់គណបក្សនយោបាយផងដែរ៕
 

ទាញយកកម្មវិធី(App) CamNEC News