នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ ឯកឧត្ដម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចុះឈ្មោះអ្នកបោះឆ្នោត និងការកែតម្រូវបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៣។
ឯកឧត្ដម មាន សទិ មានប្រសាសន៍ថា ការចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូវធ្វើនៅឃុំ សង្កាត់ និងនៅរដ្ឋសភា ចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា ហើយបញ្ចប់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ ប្រព្រឹត្ត ទៅតាមប្រតិទិនការងាររបស់ គ.ជ.ប ដោយគ្មានការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់នោះទេ។ ប៉ុន្តែនៅពេល បញ្ចប់ការងារចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប ត្រូវបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងទីប្រជុំជនមួយចំនួនក្នុងរាជធានី ខេត្ត សម្រាប់ ប្ដឹងតវ៉ា ឬប្ដឹងជំទាស់។ ឯកឧត្តមបានបន្តថា ការដោះស្រាយពាក្យបណ្តឹងត្រូវអនុវត្តចាប់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ថ្នាក់ គ.ជ.ប ហើយត្រូវបញ្ចប់នៅក្រុមប្រឹក្សាធម្មនុញ្ញ។ ឯកឧត្តម បានបន្តទៀតថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ មណ្ឌលបោះឆ្នោតត្រូវបានរៀបចំ និងបែងចែកជា ៨ភូមិភាគ ដែលមានអាសនៈសរុបចំនួន ៥៨ (បន្ថែម សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន)។
ចំពោះបញ្ជីឈ្មោះអ្នកបោះឆ្នោត ឯកឧត្ដម មាន សទិ មានប្រសាសន៍ថា ត្រូវបានរៀបចំ នៅតាមរាជធានី ខេត្តនីមួយៗ រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រនៃរាជធានី ខេត្តនីមួយៗ ហើយ គ.ជ.ប ត្រូវធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅតាមមណ្ឌលនីមួយៗ នៃមណ្ឌលទាំង ៨ នៅទូទាំងប្រទេស។ ឯកឧត្តមបន្តថា ការចុះឈ្មោះអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជី ឈ្មោះដោយឡែកពីគ្នា ទៅតាមអង្គបោះឆ្នោតនីមួយៗ និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។
ឯកឧត្ដម មាន សទិ មានប្រសាសន៍ទៀតថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវរៀបចំបញ្ជី ឈ្មោះតំណាងរាស្ត្រក្នុងតំណែងរួចអគ្គលេខាធិការរដ្ឋសភាចុះហត្ថលេខា និងបោះត្រាអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានការបញ្ជាក់ឯកភាពពីប្រធានរដ្ឋសភា រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ បញ្ជីឈ្មោះនេះ ត្រូវរៀបចំដោយឡែកពីគ្នាទៅតាមតំណាងរាស្ត្រក្នុងតំណែងនៃមណ្ឌលរាជធានី ខេត្តនីមួយៗ។
ឯកឧត្ដម មាន សទិ មានប្រសាសន៍បន្តទៀតថា ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង រួចប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ចុះហត្ថលេខា រួចបោះត្រារដ្ឋបាលឃុំ សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ ឯកឧត្តមបន្តថា ក្នុងករណីក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូន បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក្នុងតំណែងមក គ.ជ.ប គឺ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ ដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង នៃឃុំ សង្កាត់នោះ រួចចុះហត្ថលេខា បោះត្រារដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការបញ្ជាក់ឯកភាព ពីអភិបាល នៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។
អំពីការិយាល័យចុះឈ្មោះបោះឆ្នោត ឯកឧត្ដម មាន សទិ មានប្រសាសន៍ថា ការិយាល័យ ចុះឈ្មោះបោះឆ្នោតចំនួនមួយ ត្រូវបានកំណត់សម្រាប់អង្គបោះឆ្នោតតំណាងរាស្ត្រ និងការិយាល័យ ចុះឈ្មោះបោះឆ្នោតចំនួនមួយ ត្រូវបានកំណត់សម្រាប់អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ។ ការិយាល័យចុះឈ្មោះបោះឆ្នោត គឺជាការិយាល័យដែលស្ថិតនៅមួយកន្លែង ដូចជា៖
* ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់តំណាងរាស្ត្រក្នុងតំណែង ត្រូវមានទីតាំងនៅអគ្គលេខាធិការដ្ឋានរដ្ឋសភា
* ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ត្រូវមានទីតាំងនៅសាលាឃុំ សង្កាត់ ឬទីតាំងណាមួយសមស្របក្នុងឃុំ សង្កាត់។
ឯកឧត្ដម មាន សទិ មានប្រសាសន៍ទៀតថា គ.ជ.ប ត្រូវណែនាំអគ្គលេខាធិការដ្ឋាន រដ្ឋសភា លធ.ខប និងក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យផ្សព្វផ្សាយជាសាធារណៈអំពីរយៈពេល និងកាលបរិច្ឆេទ ព្រមទាំងប្រតិទិនសម្រាប់ការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៃអង្គបោះឆ្នោតនីមួយៗ ក្នុងរយៈពេលយ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ មុនពេលចាប់ផ្ដើម។
ឯកឧត្ដម មាន សទិ មានប្រសាសន៍បន្តទៀតថា បញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងក្របខណ្ឌរាជធានី ខេត្ត នៃភូមិភាគនីមួយៗត្រូវបានរៀបចំតាមអក្ខរក្រមនៃឈ្មោះតំណាងរាស្ត្រ និងក្រុមប្រឹក្សា ឃុំ សង្កាត់ក្នុងតំណែង ក្នុងរាជធានី ខេត្តនីមួយៗ។ ឯកឧត្តមបានបន្តថា ចំពោះអ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយ គ.ជ.ប និង លធ.ខប មានលទ្ធភាពសង្កេតការណ៍ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោត ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។
អំពីការកែតម្រូវបញ្ជីបោះឆ្នោត ឯកឧត្ដម មាន សទិ មានប្រសាសន៍ថា ក្នុងការរៀបចំបញ្ជីបោះឆ្នោត អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវមានវត្តមាននៅការិយាល័យចុះឈ្មោះបោះឆ្នោត នៅអំឡុងពេលចុះឈ្មោះបោះឆ្នោត ដែលមានទីតាំងនៅក្នុងរដ្ឋសភា ហើយប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ ត្រូវមានវត្តមាននៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេល ចុះឈ្មោះបោះឆ្នោត ដែលមានទីតាំងនៅក្នុងសាលាឃុំ សង្កាត់។ អគ្គលេខាធិការរដ្ឋសភាត្រូវចុះហត្ថលេខា និងបោះត្រាអគ្គលេខាធិការដ្ឋានរដ្ឋសភា និង កាលបរិច្ឆេទលើបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែង តាមមណ្ឌលរាជធានី ខេត្តនីមួយៗ ហើយដាក់ស្នើសុំឯកភាពពីប្រធានរដ្ឋសភា រួចផ្ញើជូនមក គ.ជ.ប នូវច្បាប់ដើម ១ច្បាប់ ច្បាប់ចម្លង ១ច្បាប់ និងរក្សាទុកជាឯកសារ ១ច្បាប់។ ក្នុងករណីមានការផ្លាស់ប្ដូរតំណាងរាស្ត្រក្នុងតំណែង អគ្គលេខាធិការរដ្ឋសភា ត្រូវលើកសំណើ ដោយមានការបញ្ជាក់ឯកភាព តាមលំដាប់ឋានានុក្រមមក គ.ជ.ប ដើម្បីសុំកែតម្រូវបញ្ជីឈ្មោះបោះឆ្នោតយ៉ាងតិច ២ថ្ងៃ មុនថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ ឯកឧត្ដម មានប្រសាសន៍បន្តទៀតថា ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំចៅ សង្កាត់ ត្រូវថតចម្លងបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងមុខតំណែងបង្គ្រប់ចំនួន ៥ (ប្រាំ) ច្បាប់ រួចចុះហត្ថលេខាកាលបរិច្ឆេទ និងបោះត្រារដ្ឋបាល ឃុំ សង្កាត់ ហើយចាត់ចែងបញ្ជូនមក គ.ជ.ប ដែលក្នុងនោះត្រូវរក្សាទុកជាឯកសារមួយច្បាប់ និងផ្ញើ ៤ (បួន) ច្បាប់ ដើម្បីស្នើសុំការបញ្ជាក់ឯកភាពតាមលំដាប់ឋានានុក្រមពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។ ក្នុងករណីមានការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវលើកសំណើដោយមានការបញ្ជាក់ឯកភាពតាមឋានានុក្រមមក គ.ជ.ប ដើម្បីសុំកែតម្រូវបញ្ជីបោះឆ្នោតយ៉ាងតិច ២(ពីរ) ថ្ងៃ មុនថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។
ភាគីពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំ បានលើកជាសំណួរអំពីការបាត់ឈ្មោះអ្នកបោះឆ្នោត និងអ្នកស្លាប់។ គ.ជ.ប បានបញ្ជាក់ជូនថា ការចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការចុះឈ្មោះសមាជិករដ្ឋសភាក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង នៅក្នុងក្របខណ្ឌរាជធានី ខេត្ត នៃភូមិភាគនីមួយៗ។ សមាជិករដ្ឋសភាក្នុងតំណែង មានចំនួន ១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង មានចំនួន ១១.៦២២នាក់។ ឈ្មោះទាំងនោះមិនអាចបាត់បានទេ ពីព្រោះអ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាសមាជិករដ្ឋសភា និងសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវរៀបចំ និងបញ្ជូនបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែង រួចបញ្ជូនមក គ.ជ.ប ហើយក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ត្រូវរៀបចំបញ្ជីឈ្មោះ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ រួចបញ្ជួនមក គ.ជ.ប។ ក្រោយពេលទទួលបានបញ្ជីឈ្មោះទាំងនោះរួចហើយ គ.ជ.ប ត្រូវបញ្ចូលទិន្នន័យអ្នកបោះឆ្នោតទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីរៀបចំជាបញ្ជីបោះឆ្នោតដំបូង រួចធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងជាសាធារណៈ ដើម្បីប្តឹងតវ៉ា ឬប្តឹងជំទាស់។ ប្រសិនបើអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគាត់ស្លាប់ នោះអាចផ្លាស់ប្តូរឈ្មោះក្នុងបញ្ជីបោះឆ្នោតបានយ៉ាងយូរ ៧ (ប្រាំពីរ) ថ្ងៃ មុនថ្ងៃបោះឆ្នោត។
មុនបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្ដម មាន សទិ បានលើកឡើងអំពីការរៀបចំបញ្ជីឈ្មោះអ្នក បោះឆ្នោតនៅបណ្តាប្រទេសផ្សេងៗ ក្នុងការបោះឆ្នោតជាសកលថា អត់មានការចុះឈ្មោះបោះឆ្នោត ទេ គឺអាជ្ញាធរដែនដីជាអ្នករៀបចំបញ្ជីបោះឆ្នោតដំបូង រួចយកទៅបិទផ្សាយដើម្បីប្តឹងទៅតុលាការ ឬប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ឯកឧត្ដមបន្តថា ថ្ងៃអនាគត ប្រទេសកម្ពុជាប្រសិនបើអាជ្ញាធរដែនដីគ្រប់គ្រងការចល័តរបស់ប្រជាពលរដ្ឋបាន នោះប្រហែលជាមិនមានការចុះឈ្មោះបោះឆ្នោតទេ គឺរៀបចំជាបញ្ជីបោះឆ្នោតដំបូង រួចបិទផ្សាយជាសាធារណៈតែម្តង។ ប្រទេស កម្ពុជា កំពុងអនុវត្តទៅលើការបោះឆ្នោតអសកលចំនួនពីរចំពោះបញ្ជីបោះឆ្នោតនេះ គឺការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ នៅលើសកលលោក ការរៀបចំបញ្ជីបោះឆ្នោត ដូចនេះ ចំណេញថវិកាច្រើន។
នេះជាកិច្ចប្រជុំលើកទី២ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលសមាសភាពចូលរួមមកពី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ក្រសួងសង្គមកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថានទូតជប៉ុន ស្ថានទូតរុស្ស៊ី តំណាងគណបក្សនយោបាយ តំណាង អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ចំនួន ៥៨នាក់៕