សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៦០​ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សេចក្តីសម្រេចស្តីពីការកែសម្រួល បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រមទាំងពិនិត្យ និងសម្រេចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចលើឯកសារដូចខាងក្រោម៖

១.  ឯកភាពជាគោលការណ៍លើប្រតិទិន និងផែនការមេ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

២.  ឯកភាពជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលចំណុច  ៥.១.៥ និងកែសម្រួលខ្លឹមសារចំណុច ៥.១.១០.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

៣.  ឯកភាពជាគោលការណ៍លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) ដែលមានចំនួន ១០ជំពូក និងឧបសម្ព័ន្ធ ចំនួន ៨ រួមមាន៖

-  ជំពូកទី១   បទប្បញ្ញត្តិទូទៅ

-  ជំពូកទី២   ការគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

-  ជំពូកទី៣   ចំនួនសមាជិកព្រឹទ្ធសភា ប្រព័ន្ធបោះឆ្នោត មណ្ឌលបោះឆ្នោត និងការកំណត់ចំនួនអាសនៈ

-  ជំពូកទី៤   អ្នកបោះឆ្នោត អង្គបោះឆ្នោត បញ្ជីបោះឆ្នោត និងការិយាល័យបោះឆ្នោត

-  ជំពូកទី៥   ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ

-  ជំពូកទី៦   ការឃោសនាបោះឆ្នោត

-  ជំពូកទី៧   ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន

-  ជំពូកទី៨   ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត

-  ជំពូកទី៩   សមត្ថកិច្ចដោះស្រាយករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោត

-  ជំពូកទី១០   ការបាត់បង់អាសនៈនៃព្រឹទ្ធសភា និងការជ្រើសតាំងសមាជិកជំនួស

    ឧបសម្ព័ន្ធ៖

-  ការបែងចែកអាសនៈ

-  ក្រមសីលធម៌សម្រាប់មន្រ្តីបោះឆ្នោត

-  ក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្ស នយោបាយក្នុងដំណើរការបោះឆ្នោត

-  ក្រមសីលធម៌សម្រាប់អ្នកសងេ្កតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោត

-  ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងដំណើរការបោះឆ្នោត

-  ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត

-  សម្ភារ ឯកសារដែលត្រូវប្រគល់ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការបោះឆ្នោតទាំងមូល

-  សម្ភារ ឯកសារដែលត្រូវប្រគល់ជូនគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការបោះឆ្នោត ទាំងមូល។

ជាចុងក្រោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឱ្យពិភាក្សាជាមួយក្រសួងមហាផ្ទៃ អំពីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលចំណុច ៥.១.៥ និងចំណុច ៥.១.១០.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងរៀបចំបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ទៅឱ្យភាគីពាក់ព័ន្ធពិនិត្យ និងផ្តល់យោបល់ មុននឹង គ.ជ.ប ពិនិត្យ និងសម្រេចជាផ្លូវការ៕

ទាញយកកម្មវិធី(App) CamNEC News