សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០៥៨​​ គ.ជ.ប ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣

នាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេចឯកភាពលើឯកសារទាំងនោះមានដូចខាងក្រោម៖

១. ឯកភាពលើខ្លឹមសារសៀវភៅណែនាំ និងឯកសារជំនួយស្មារតីសម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

២. ឯកភាពលើខ្លឹមសារអត្ថបទវីដេអូអប់រំខ្លី និងវិទ្យុ រួមមាន៖

• ស្ប៉តវីដេអូអប់រំ            ចំនួន ៣រឿង

• ចម្រៀងកាយវិការ            ចំនួន ៣រឿង

• ស្ប៉តវីដេអូអប់រំ បែបគំនូរជីវចល    ចំនួន ៣រឿង

• ស្ប៉តវិទ្យុអប់រំ                ចំនួន ៣រឿង

• សេចក្តីជូនដំណឹងសម្រាប់ចាក់ផ្សាយតាមមេក្រូចល័ត ចំនួន ១រឿង។

៣. ឯកភាពលើខ្លឹមសារអត្ថបទវីដេអូខ្នាតវែង ចំនួន ២រឿង រួមមាន៖

• វីដេអូអប់រំស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ចំនួន ១រឿង

• វីដេអូអប់រំដុកទ័រវ៉ូត (Dr. Vote) ចំនួន ១រឿង។

៤. ឯកភាពជាគោលការណ៍លើការប្រើប្រាស់គំរូទម្រង់បែបបទចំនួន១៥ទម្រង់សម្រាប់ បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

៥. ឯកភាពលើឯកសារពាក់ព័ន្ធក្នុងការចេញប័ណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមមាន៖

• សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

• ទម្រង់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន

• ទម្រង់ប្រវត្តិរូបសង្ខេបជាភាសាខ្មែររបស់អ្នកសារព័ត៌មាន

• ទម្រង់ប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេសរបស់អ្នកសារព័ត៌មាន។

៦. ឯកភាពលើឯកសារបោះពុម្ពសម្រាប់ផ្សព្វផ្សាយ ចំនួន ៧មុខ រួមមាន៖

• ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប

• សៀវភៅសម្រាប់អ្នកចុះឈ្មោះបោះឆ្នោត

• សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

• ខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

• ស្ទីកគ័រ ស្តីពីកាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

• បណ្ណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ

• កញ្ចប់សារព័ត៌មាន(Press kits)។

យោងតាមប្រតិទិនផ្លូវការរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នៅសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ចាប់ផ្តើមពីថ្ងៃទី១ ដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕
 

ទាញយកកម្មវិធី(App) CamNEC News