គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់អ្នកសង្កេតការណ៍បោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ព្រឹក នៅទីស្ដីការ គ.ជ.ប (ជាន់ទី១) ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ៥ មានលេខ ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។
សូមជម្រាបជូនថា ពាក្យបណ្ដឹងទាំង ៥ ខាងលើនេះមានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។
សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារ-ព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើល និងយកព័ត៌មានកុំបីខាន៕