សេចក្តីប្រកាសព័ត៌មានលេខ ០៤៨ គ.ជ.ប ស្តីពី ក្រុមអ្នកនាំពាក្យ គ.ជ.ប ជួបជាមួយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ មកពីប្រទេសជប៉ុន

នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២:០០ នៅទីស្តីការ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានទទួលជួបលោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុនរួមទាំងសហការីចំនួន ៧(ប្រាំពីរ) រូប ដើម្បីសម្តែងការគួរសម និងស្វែងយល់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានមានមតិស្វាគមន៍ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលបានអញ្ជើញមកចូលរួមសង្កេតមើលការបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។

 

លោក ណាអូតូ សាកាហ្គុជិ បានថ្លែងអំណរគុណដល់ក្រុមអ្នកនាំពាក្យ គ.ជ.ប ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តជាតិមកពីប្រទេសជប៉ុន ក្នុងខណៈពេលដែល គ.ជ.ប មានការមមាញឹករៀបចំការបោះឆ្នោត។ លោក ណាអូតូ សាកាហ្គុជិ បានរំលឹកអំពីការងាររបស់លោកធ្លាប់ធ្វើនៅប្រទេសកម្ពុជាក្នុងនាមជាអ្នកស្ម័គ្រចិត្តកាលពី ៣១ ឆ្នាំ កន្លងមកនាសម័យកាលអ៊ុនតាក់ និងលោកធ្លាប់ជាសមាជិករដ្ឋសភាជប៉ុនចំនួន ២ អាណត្តិ។ លោកបានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុននៅពេលនេះ មិនមែនចូលរួមក្នុងនាមរដ្ឋាភិបាលជប៉ុនទេ គឺក្រុមរបស់លោកមកតាមអង្គការមិនមែនរដ្ឋាភិបាលដែលមានទីស្នាក់ការនៅប្រទេសជប៉ុន ហើយជំនួបនៅពេលនេះ លោកចង់ស្វែងយល់ និងមានសំណួរមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នេះ។

 

ឯកឧត្តម ហង្ស ពុទ្ធា បានជម្រាបជូនគណៈប្រតិភូ អំពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាថា នៅឆ្នាំ១៩៩៣ គឺជាការបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញ ដែលការបោះឆ្នោតនោះ បានរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា “UNTAC”។ ឯកឧត្តមបានបន្តថា នៅឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង និងបានរៀបចំការបោះឆ្នោតជាបន្តបន្ទាប់មកទៀតរហូតមកដល់បច្ចុប្បន្ន។ រហូតមកទល់ពេលនេះ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល និងអសកល ចំនួន ១៦ លើករួចមកហើយ។ ឯកឧត្តមក៏បានលើកឡើងអំពីដំណាក់កាលសំខាន់ៗទាំង ៤ នៃការបោះឆ្នោតដើម្បីឱ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានយល់ ដែលរួមមាន៖

- ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

- ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

- ការឃោសនាបោះឆ្នោត និង

- ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តម ហង្ស ពុទ្ធា បានពន្យល់បន្ថែមអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាផងដែរ។

ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិបានលើកឡើងនូវសំណួរមួយចំនួនដូចជា៖
- ចំនួនអ្នកសង្កេតការជាតិ និងអន្តរជាតិ
- ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែល គ.ជ.ប បានសម្រេចបដិសេធចំនួន ២ គណបក្ស
- សកម្មភាពឃោសនាបោះឆ្នោត ជាដើម។

ក្រុមអ្នកនាំពាក្យបានឆ្លើយតបម្តងមួយសំណួរៗ ដោយបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជាង ៦០០ នាក់ បើប្រៀបធៀបនឹងការបោះឆ្នោតសកលកន្លងមក មានចំនួនជាង ៥០០នាក់តែប៉ុណ្ណោះ។ ចំពោះហេតុផលដែលគណបក្សនយោបាយចំនួន ២ ដែលត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ ដោយសារគណបក្សមិនបានបំពេញលក្ខខណ្ឌតាមច្បាប់ និងតាមនីតិវីធី។ រីឯការឃោសនាបោះឆ្នោត គណបក្សនយោបាយនីមួយៗ កំពុងធ្វើសកម្មភាពតាមលទ្ធភាពរបស់ខ្លួនស្របតាមនីតិវិធីឃោសនាបោះឆ្នោត ដែលគិតមកដល់ពេលនេះមានរយៈពេល ២០ ថ្ងៃហើយ។

 

ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់បន្ថែមជូនគណៈប្រតិភូថា បើនៅមានចម្ងល់ពាក់ព័ន្ធនឹងការបោះឆ្នោត គឺអាចទាក់ទងជាមួយក្រុមអ្នកនាំពាក្យ គ.ជ.ប ជាបន្តទៀត ដើម្បីសាកសួរបន្ថែមអំពីការបោះឆ្នោតនៅកម្ពុជា។

 

ចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលកន្លងមក។ ឯកឧត្តមបានសង្ឃឹមថា តាមរយៈអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន ដែលមានលោក ណាអូតូ សាកាហ្គុជិ នឹងជួយជម្រាបអំពីតម្រូវការរបស់ គ.ជ.ប ជូនរដ្ឋាភិបាលជប៉ុន ដើម្បីផ្តល់ជំនួយបន្ថែមទៀត ដើម្បីឱ្យ គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោតឡើងវិញ នៅឆ្នាំ២០២៦ ដោយហេតុថាសម្ភារចុះឈ្មោះបោះឆ្នោតដែលបានប្រើមានរយៈពេល ១០ ឆ្នាំមកហើយ។

 

ជំនួបពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេលជាង ២ ម៉ោង ប្រកបដោយការយោគយល់ និងស្និទស្នាល៕

 

 

 

 

ទាញយកកម្មវិធី(App) CamNEC News