នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារវីដេអូស្តីពី នីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់បណ្តុះបណ្តាលមន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងឯកសារពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
អង្គប្រជុំ គ.ជ.ប បានពិនិត្យខ្លឹមសារវីដេអូដែលមានរយៈពេលមួយម៉ោង និងបានពិនិត្យ ឯកសារពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បន្ទាប់មកបានសម្រេចដូចខាងក្រោម៖
១. សម្រេចឱ្យអង្គភាពជំនាញធ្វើការកែសម្រួលនូវសកម្មភាពសំដែងមួយចំនួនក្នុងវីដេអូ ឱ្យបានត្រឹមត្រូវតាមបទបញ្ជា និងនីតិវីធីនៃការបោះឆ្នោត ដើម្បីទាន់ពេលវេលាសម្រាប់ ការបណ្តុះបណ្តាលដល់មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
២.ឯកភាពលើឯកសារពាក់ព័ន្ធនឹងកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមាន៖
-សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអញ្ជើញ និងទទួលអ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិ
-លិខិតបង្គាប់ការចាត់តាំងមន្រ្តី គ.ជ.ប ចូលរួមជាក្រុមសម្របសម្រួល (LO) ជូនអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងកម្មវិធីសង្កេតការណ៍បោះឆ្នោត
-កម្មវិធីសង្កេតការណ៍បោះឆ្នោត សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញឱ្យយកចិត្តទុកដាក់ បណ្តុះបណ្តាលដល់មន្តី្រការិយាល័យបោះឆ្នោត អំពីគំនូសសញ្ញាគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត។
ក្នុងរបៀបវារៈផ្សេងៗ បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញអំពីចំនួនបណ្ណអ្នកសង្កេតការណ៍អន្តរជាតិ ដែល គ.ជ.ប បានផ្តល់ជូន និងចំនួនអ្នកសង្កេតការណ៍អន្តរជាតិ ដែល គ.ជ.ប បានអញ្ជើញរួចមក ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំឱ្យអង្គភាពជំនាញតាមដានធ្វើរបាយការណ៍ និងរៀបចំកម្មវិធីឱ្យបានច្បាស់លាស់ សម្រាប់ការងារអ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិ ដែលរួមមាន អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិត្រូវបានអញ្ជើញដោយ គ.ជ.ប និងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលអញ្ជើញមកតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ២០២៣៕