នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើការស្នើសុំគ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប ឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងឯកសារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗ រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១.ឯកភាពលើការស្នើសុំគ្រឿងឥស្សរិយយស៖
-លិខិតទូលថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ព្រះរាជាអនុញ្ញាតផ្តល់នូវគ្រឿងឥស្សរិយ-យសតាមលំដាប់ជូនថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប សរុបចំនួន ៨៨ (ប៉ែតសិបប្រាំបី) រូប សម្រាប់ឆ្នាំ២០២៣
-សំណើសុំទៅរាជរដ្ឋាភិបាលនូវគ្រឿងឥស្សរិយយសតាមលំដាប់ជូនថ្នាក់ដឹកនាំ និង អ្នករាជការ គ.ជ.ប សរុបចំនួន ១០៦ (មួយរយប្រាំមួយ) រូប សម្រាប់ឆ្នាំ២០២៣។
២.ឯកភាពលើលិខិតបទដ្ឋានដែលពាក់ព័ន្ធនឹងការប្រកាសផ្សាយលទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន៖
-សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋម
-លិខិតបង្គាប់ការប្រគល់ភារកិច្ចជូនអនុគណៈកម្មការ នៃគណៈកម្មការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋម
-យន្តការ និងនីតិវិធីស្តីពីការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋម។
៣.ឯកភាពលើគំរូស្បោងដាក់បញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ និងក្នុងរាជធានី ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
៤.ឯកភាពលើឯកសារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៣ រួមមាន៖
-សេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២
-ប្រតិទិននៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
-ឯកភាពលើទម្រង់របាយការណ៍ ស្តីពីការផ្តល់លិខិតអញ្ជើញ ចំនួន ៤ ច្បាប់
-ឯកភាពជាគោលការណ៍លើគំរូលិខិតអញ្ជើញសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
មុនបិទបញ្ចប់កិច្ចប្រជុំ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ គ.ជ.ប ទាំងអស់ឱ្យប្រើប្រាស់ភាសាបច្ចេកទេសបោះឆ្នោតឱ្យបានត្រឹមត្រូវ ដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ដើម្បីកុំឱ្យភាគីពាក់ព័ន្ធភាន់ច្រឡំ៕