សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០៣ គ.ជ.ប ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាព គធ.ខប ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

Download

នាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មា-ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥។

 

អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងសម្រេចលើលទ្ធផលនៃការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ដែលមានចំនួនសរុប ១៧៥ រូប បានប្រឡងជាប់។ សមាសភាពដែលប្រឡងជាប់សម្រាប់រាជធានី ខេត្តនីមួយៗមានចំនួន ៧ រូប ដោយឆ្លងកាត់វិញ្ញាសាប្រឡងសំណួរសរសេរ-QCM និងសម្ភាសន៍ចំណេះដឹងទូទៅទាក់ទងនឹងការបោះឆ្នោត ដែលមានមុខតំណែង៖

១- ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ០១ រូប

២- អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ០១ រូប

៣- សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល ០១ រូប

៤- សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ ០១ រូប

៥- សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស ០១ រូប

៦- សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ០១ រូប

៧- សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ០១ រូប។

 

ការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៣៩១ នាក់ ក្នុងនោះមានស្រ្តីចំនួន ៥៤ នាក់។

 

សមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ១៧៥ រូប នឹងត្រូវចូលបម្រើការងារដូចខាងក្រោម៖

១. សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តចំនួន ៣ រួមមាន ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ត្រូវចូលបម្រើការងារចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្រាប់រៀបចំការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

២. សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោត សម្រាប់ ២២ រាជធានី ខេត្ត ទៀត ត្រូវចូលបំពេញភារកិច្ចចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ទាញយកកម្មវិធី(App) CamNEC News