នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លីបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
យោងតាមសេចក្ដីជូនដំណឹងលេខ ០៥៥ គ.ជ.ប.ស.ជ.ណ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ គ.ជ.ប បានប្រកាសផ្សព្វផ្សាយជាសាធារណៈ ដើម្បីជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥២៧រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
ផ្អែកតាមរបាយការណ៍ បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សរុបទូទាំងប្រទេសមានចំនួន ៩៨២ រូប តាមមុខតំណែងដូចខាងក្រោម ៖
១. ជំនួយការរដ្ឋបាល និងលេខាធិការ សរុបចំនួន ៥៥ រូប
២. ជំនួយការគណនេយ្យ សរុបចំនួន ៥០ រូប
៣. ជំនួយការប្រតិបត្តិការ សរុបចំនួន ១៤ រូប
៤. ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម សរុបចំនួន ៤១ រូប
៥. លេខាធិការ សរុបចំនួន ៥៨ រូប
៦. ជំនួយការអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ (គ្រូបង្ហាត់)
- គ្រូបង្ហាត់ផ្នែកទ្រឹស្តី សរុបចំនួន ៣៨០ រូប
- គ្រូបង្ហាត់ដែលអាចប្រើកុំព្យូទ័របាន សរុបចំនួន ៣៧៥ រូប
៧. អ្នកបើកបររថយន្ត សរុបចំនួន ៩ រូប។
ដំណើរការប្រឡងបានប្រព្រឹត្តទៅជាពីរក្រុម ដោយមួយក្រុមមានខេត្ត ចំនួន ១៣ ត្រូវរៀបចំការប្រឡងនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ និងមួយក្រុមទៀតដែលមានរាជធានី ខេត្ត ចំនួន ១២ ត្រូវរៀបចំការប្រឡងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
ក្រោយបញ្ចប់ការប្រឡង អនុគណៈកម្មការកណ្តាលនៅ គ.ជ.ប បានទទួលសន្លឹកកិច្ចការរបស់បេក្ខជនពីអនុគណៈកម្មការរៀបចំការប្រឡងតាមរាជធានី ខេត្តទាំង ២៥ បន្ទាប់មកបានធ្វើកិច្ចការកំណែ និងដាក់ពិន្ទុស្របតាមគោលការណ៍កំណត់របស់ គ.ជ.ប។
សរុបជាលទ្ធផល បេក្ខជនចំនួន ៥២៧រូប បានប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លីបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
ឈ្មោះបេក្ខជនដែលបានប្រឡងជាប់ នឹងមានបិទផ្សាយនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងមានបង្ហោះតាមគេហទំព័រ គ.ជ.ប៕