គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ៥ ពីលេខ ១៣៩ ដល់លេខ ១៤៣ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមាន ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។
ពាក្យបណ្ដឹងទាំង ៥ ខាងលើនេះ មានកម្មវត្ថុដូចខាងក្រោម៖
- ប្ដឹងសុំបដិសេធបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន នៅសង្កាត់
ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន ២ បណ្ដឹង
- ប្ដឹងជំទាស់ មិនឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សា និងបដិសេធបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចំនួន៣ បណ្ដឹង។
សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕