ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន ២ ក្នុងចំណោម គណបក្សនយោបាយទាំង ៤ បានធ្វើសកម្មភាពឃោសនាដូចខាងក្រោម៖
- គណបក្សប្រជាជនកម្ពុជា៖ មានរថយន្ត ចំនួន ៧០ គ្រឿង និងម៉ូតូ ចំនួន ៣០ គ្រឿង សរុបអ្នកចូលរួមមានចំនួន ២០០ នាក់
- គណបក្សសញ្ជាតិកម្ពុជា៖ មានរថយន្ត ចំនួន ២ គ្រឿង និងម៉ូតូ ចំនួន ៥ គ្រឿង សរុបអ្នកចូលរួមមានចំនួន ២០ នាក់។
លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។ លោកបានបន្តថា សកម្មភាពឃោសនាប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងបានទៅដល់គោលដៅដែលបានកំណត់ដោយសន្តិវីធី។
សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតរយៈពេល ៨ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ១០:០០ យប់។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់ ២ ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕