ឆ្លើយតបតាមការអញ្ជើញរបស់អគ្គលេខាធិការនៃសមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក (A-WEB) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់តាំងមន្ត្រីចំនួន ១២រូប ដឹកនាំដោយឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដើម្បីឱ្យចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូសន្និសីទ ស្តីពី “ការបោះឆ្នោត” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
សិក្ខាសាលាបានរៀបចំធ្វើឡើងតាមកម្មវិធី Zoom ហើយត្រូវបែងចែកជាពីរវគ្គគឺ៖
- វគ្គទី១ ចាប់ផ្តើមពីម៉ោង ១៦:០០ - ១៨:០០នាទី
- វគ្គទី២ ចាប់ផ្តើមពីម៉ោង ២០:០០ - ២៣:០០នាទី
សិក្ខាសាលានេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
- ចែករំលែកបទពិសោធន៍ អំពីការរៀបចំការបោះឆ្នោតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩
- ការប្រើប្រាស់បច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត ដូចជា ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធជីវមាត្រ (BVR)
- ពិនិត្យលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងហិរញ្ញវត្ថុ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងអត្ថប្រយោជន៍ចម្បងៗ និងហានិភ័យដែលអាចកើតមាន នៃបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងដំណើរការបោះឆ្នោត
- កំណត់វិធីសាស្ត្រដើម្បីរៀបចំ អនុវត្ត និងត្រួតពិនិត្យលើកិច្ចការរៀបចំការបោះឆ្នោត
- ពិនិត្យលើយុទ្ធសាស្ត្រទំនាក់ទំនង ដើម្បីធានាថាអ្នកបោះឆ្នោតបានយល់ គាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតកាន់តែច្រើនថែមទៀត
- ស្វែងរកវិធីសាស្ត្រក្នុងការពង្រីក ផ្សារភ្ជាប់ និងគ្រប់គ្រងទំនាក់ទំនងដៃគូដើម្បីបង្កើនកិច្ចសហ-ប្រតិបត្តិការក្នុងក្របខ័ណ្ឌ A-WEB សំដៅរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
សូមជម្រាបជូនថា សិក្ខាសាលាតាមប្រព័ន្ធវីដេអូសន្និសីទនេះ ត្រូវបានរៀបចំឡើងដោយអគ្គលេខា-ធិការដ្ឋាន A-WEB សហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាពីសភា (ICPS) ដែលមានអ្នកចូលរួមសរុបប្រមាណ ៥៥០នាក់ មកពី ៥៦ប្រទេស៕