សេចក្តីប្រកាសព័ត៌មាន លេខ ០០៨ ៖ គ.ជ.ប រៀបចំបំផ្លាញសន្លឹកឆ្នោតលើកទី៤

បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី១ នៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ កម្ពុជាបានកសាងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមួយនៅឆ្នាំ១៩៩៧។ ច្បាប់បោះឆ្នោតនេះបានកំណត់អំពីតួនាទី និងភារកិច្ចរបស់ គ.ជ.ប កម្ពុជាក្នុងការរៀបចំការបោះឆ្នោតដោយខ្លួនឯង ដែលចាប់ផ្ដើមជាលើកដំបូងនៅឆ្នាំ១៩៩៨។ រហូតមកដល់បច្ចុប្បន្ននេះ គ.ជ.ប កម្ពុជា ក្លាយជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៅឆ្នាំ២០១៤ បានរៀបចំការបោះឆ្នោតដោយខ្លួនឯងបានចំនួន ១៦ លើក ក្នុងនោះមានការបោះឆ្នោតសកល (ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់) ចំនួន ៩ លើក និងការបោះឆ្នោតអសកល (ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា) ចំនួន ៧ លើក។

តាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មានសិទ្ធិអំណាច ភារកិច្ច និងការទទួលខុសត្រូវទាក់ទងនឹងផែនការកម្ម ការរៀបចំ ការចាត់ចែង និងត្រួតពិនិត្យការបោះឆ្នោត។ ភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗ ទាំង២៨ របស់ គ.ជ.ប គឺការរៀបចំគណៈកម្មការដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ៦ ឆ្នាំ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាមអាណត្តិនីមួយៗបន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ៣ ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ។  

អនុវត្តតាមស្មារតីនៃច្បាប់នេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ គ.ជ.ប បានរៀបចំពិធីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៧ នៅទីតាំងផ្ទះលេខ ៩ ផ្លូវលេខ ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប។ 

នាឱកាសនេះ ឯកឧត្តមអនុប្រធានបានមានប្រសាសន៍ថា គ.ជ.ប នឹងបំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់ សម្រាប់បោះឆ្នោតរួចមកហើយ ចំនួន ៤៣.២៩៣ កញ្ចប់ ត្រូវជា ២២.០០១.០៥០ សន្លឹក ដោយការកាត់ចិញ្រ្ចាំ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ថ្ងៃនេះ គឺជាលើកទី៤ ហើយដែល គ.ជ.ប បានបំផ្លាញសន្លឹកឆ្នោត បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពតាមការកំណត់នៃច្បាប់។

កាលបរិច្ឆេទនៃការបំផ្លាញសន្លឹកឆ្នោតទាំង ៤ លើក រួមមាន៖

  • លើកទី១ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៥ 
  • លើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៩
  • លើកទី៣ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤
  • លើកទី៤ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ 

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានរាយការណ៍ជូនអង្គពិធីផងដែរថា ៖

ក្នុងការអនុវត្តជាក់ស្តែង សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនីមួយៗត្រូវបានថែរក្សាការពារយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយតម្លាភាព តាំងពីក្នុងការផលិត ការវេចខ្ចប់ ការដឹកជញ្ជូន ការបែងចែក ពិសេសក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ដែលត្រូវបានវេចខ្ចប់តាមនីតិវិធីជាបន្តបន្ទាប់តាំងពីការិយាល័យបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត រួចត្រូវដឹកជញ្ជូនទៅ គ.ជ.ប និងចុងក្រោយត្រូវរក្សាទុកប្រកបដោយសុវត្ថិភាពនៅឃ្លាំង គ.ជ.ប។

ការបំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់រួចនេះ ប្រព្រឹត្តទៅរយៈពេលមួយសប្តាហ៍។ ក្នុងដំណើរប្រព្រឹត្តទៅនៃការងារនេះ គ.ជ.ប បានចាត់តាំងមន្ត្រីឱ្យតាមដាន ត្រួតពិនិត្យជាប្រចាំ ហើយក្នុងពេលនេះភាគីពាក់ព័ន្ធ ដែលចូលរួមមាន តំណាងគណបក្សនយោបាយ  អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងតំណាងអង្គភាពសារព័ត៌មាន អាចចូលរួមតាមដាន និងសង្កេតមើលបាន៕

 

 

ទាញយកកម្មវិធី(App) CamNEC News