អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ទេព នីថា ក្នុងឱកាសបិទវគ្គ បណ្តុះបណ្តាលមន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នៅរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ គ.ជ.ប មានការមមាញឹកយ៉ាងខ្លាំង ដើម្បីរៀបចំការងារចំនួនពីរនៅចំពោះមុខ គឺការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ។
ឯកឧត្តម បានពន្យល់ថា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តតម្រូវឱ្យ គ.ជ.ប ធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅខែឧសភា ជារៀងរាល់ឆ្នាំ។ ដោយឡែកចំពោះឆ្នាំដែលរៀបចំការបោះឆ្នោតជាសកល គ.ជ.ប អាចសម្រេចពេលវេលាផ្សេងពីនេះ។ នៅឆ្នាំ២០១៩ នេះ ពុំមានរៀបចំការបោះឆ្នោតជាសកលទេ មានតែការបោះឆ្នោតអសកល ទើបនាំឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតត្រូវធ្វើតាមកាលកំណត់របស់ច្បាប់។
ក្រៅពីបានលើកឡើងពីទិដ្ឋភាពច្បាប់ និងបានបកស្រាយនូវសំណួររបស់សិក្ខាកាម ឯកឧត្តម ទេព នីថា ក៏បានស្នើទៅភាគីពាក់ព័ន្ធដែលបានចូលរួមទាំងអស់ ឱ្យពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបន្តបណ្តុះបណ្តាលតាមស្ថាប័នរបស់ខ្លួន និងដើម្បីបន្តពង្រឹងកិច្ចសហការតាមតួនាទី ជំរុញឱ្យការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ទទួលបានជោគជ័យ ។ ឯកឧត្តមបានណែនាំមន្ត្រី លធ.ខប ឱ្យយកចិត្តទុកដាក់លើការងារដូចខាងក្រោម ៖
- បន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅថ្នាក់រាជធានី ខេត្ត ដោយត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលឱ្យបានស៊ីជម្រៅ អំពីនីតិវិធីនៃការអនុវត្តការងារទាំងទ្រឹស្តី ទាំងបច្ចេកទេសកុំព្យូទ័រ ។
- តាមដាន និងសម្របសម្រួលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ពិសេសយកចិត្តទុកដាក់ការដឹកជញ្ជូន ការបែងចែង និងថែរក្សា សម្ភារ ឯកសារ និងបរិក្ខារបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងត្រូវណែនាំគ្រូបង្ហាត់ប្រចាំក្រុង ស្រុក ខណ្ឌ ឱ្យចុះតាមដាន និងសម្របសម្រួលការងារឱ្យបានជាប្រចាំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ទាក់ទងនឹងការអនុវត្តនីតិវិធីចុះឈ្មោះបោះឆ្នោត ការបញ្ចូល និងការបញ្ជូនទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ ។
- បន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួល និងចាត់វិធានការដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការងារចុះឈ្មោះបោះឆ្នោត ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងត្រូវរាយការណ៍ជាប្រចាំ និងជាបន្ទាន់អំពីករណីដែលត្រូវស្នើសុំយោបល់ណែនាំ ឬស្នើសុំការដោះស្រាយពី គ.ជ.ប ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ស្នើសុំកិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ចទទួលបន្ទុកការងារសន្តិសុខ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៣ ថ្ងៃ បានផ្តើមចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ដោយមានអ្នកចូលរួមជាមន្ត្រី លធ.ខប មន្ត្រីនៅទីស្តីការ គ.ជ.ប តំណាងគណបក្សនយោបាយ ចំនួន ៧ អង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៦ សរុប ១០៣ នាក់ ៕