គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណតិ្តទី៣ ឆ្នាំ២០១៩ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ ជាមួយភាគីពាក់ព័ន្ធ ស្តីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការប្តឹងតវ៉ា និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នៅសាលសន្និសីទ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ។
ភាគីពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំនេះរួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន គណបក្សនយោបាយ ចំនួន ៩ តំណាងស្ថានទូតជប៉ុន អង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៧ អង្គភាពសារព័ត៌មាន ចំនួន ៦ និងមន្ត្រី គ.ជ.ប សរុបចំនួន ៨០នាក់។
ឯកឧត្តម មាន សទិ បានបន្ថែមថា គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវចាប់ផ្តើមដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោតនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) យ៉ាងតិច ៨០ ថ្ងៃ មុនកាលបរិច្ឆេទនៃការបោះឆ្នោត មានន័យថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេលតែ ៥ ថ្ងៃ ប៉ុណ្ណោះ ចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ថាតើមានគណបក្សនយោបាយចំនួនប៉ុន្មាននឹងចូលរួម ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឯកឧត្តម កែវ ផល្លា ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ពន្យល់ថា គ.ជ.ប មិនអាចសន្និដ្ឋានបានថា មានគណបក្សនយោបាយ ចំនួនប៉ុន្មាននឹងដាក់ពាក្យចូលរួមប្រកួតប្រជែងទេ ប៉ុន្តែមានគណបក្សនយោបាយចំនួន ៤ តែងតែទាក់ទងមកមន្ត្រីជំនាញ ដើម្បីសួរព័ត៌មាន។ គណបក្សនយោបាយទាំង ៤ នោះ រួមមាន ៖
- គណបក្សប្រជាជនកម្ពុជា
- គណបក្សហ៊្វុនស៊ិនប៉ិច
- គណបក្សខ្មែររួបរួមជាតិ
- គណបក្សយុវជនកម្ពុជា ។
សូមជម្រាបជូនថា កាលបរិច្ឆេទនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត គ.ជ.ប មិនមែនជាអ្នកកំណត់ទេ គឺអាស្រ័យទៅលើនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងការប្តឹងតវ៉ា និងដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចប់ជាផ្លូវការ ទៅតាម គធ.ខប នីមួយៗ ៕