នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្សព្វផ្សាយពីទម្រង់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណតិ្តទី៣ តាមគេហទំព័រ គ.ជ.ប ។
គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ។
គណបក្សនយោបាយអាចទាញយកទម្រង់បែបបទពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/3736 ។
គ.ជ.ប ក៏បានបង្ហាញពីទម្រង់បែបបទសម្រាប់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតសម្រាប់បម្រើឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដែលអាចទាញយកបានពីគេហទំព័រ www.nec.gov.kh/khmer/content/3737 ។
សូមជម្រាបជូនថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេលតែ ៥ ថ្ងៃ ប៉ុណ្ណោះ ចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ៕