គណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពប្រមូលផ្តុំគ្នា ប្រជុំឃោសនាផ្សព្វផ្សាយគោលនយោបាយនៅស្រុក ត្បូងឃ្មុំ ដោយមានអ្នកចូលរួមចំនួន ១៥០០ នាក់ រថយន្ត ៤៥ គ្រឿង និងម៉ូតូ ២០០ គ្រឿង សម្រាប់ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលត្រូវជាថ្ងៃទីបួននៃយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នេះបើតាមការបញ្ជាក់ពី លោក សុខ ឈិន ប្រធានគណៈ កម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ។
តាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ព្រៃវែង ពោធិ៍សាត់ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ និងខេត្តកំពង់ធំ សម្រាប់ថ្ងៃនេះពុំមានគណបក្សនយោបាយណាមួយហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែបានធ្វើសកម្មភាពដូចខាងក្រោម៖
- គណបក្ស ខ្មែររួបរួមជាតិ បានចុះចែកខិតប័ណ្ណនៅតាមផ្ទះក្នុងសង្កាត់សំរោង ខេត្តឧត្តរមានជ័យ ។
- គណបក្សប្រជាជនកម្ពុជា បានប្រជុំផ្សព្វផ្សាយ និងចាក់មេក្រូផ្សាយសារនយោបាយនៅតាមទីស្នាក់ការគណបក្ស ខេត្ត ក្រុង ស្រុក នៅភូមិភាគទី៥ ភូមិភាគទី៦ ភូមិភាគទី៧ និងភូមិភាគទី៨ ។
- គណបក្សហ៊្វុនស៊ិនប៉ិច មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេនៅថ្ងៃនេះ ។
ជាទូទៅយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលបួនថ្ងៃនេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ស្ថិរភាពល្អ គ្មានអំពើហិង្សា និងគ្មានបណ្តឹងណាមួយត្រូវបានដាក់នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតនោះទេ៕